យើងធ្លាប់ឮចាស់ៗនិយាយថានៅឆ្ងាយអំពីបុគ្គលពាលហើយគួរសេពគប់បណ្ឌិត ឬអ្នកប្រាជ្ញដើម្បីទទួលបានចំណេះដឹងនិងការប្រព្រឹត្តល្អជំនួសវិញ។
ពាក្យថា បណ្ឌិត មានន័យដូចម្តេច? បណ្ឌិតផ្លូវលោកមានសញ្ញាបត្រសម្រាប់បញ្ជាក់ បណ្ឌិតផ្លូវធម៌មានការប្រព្រឹត្តជាក់ស្តែងជាគ្រឿងសម្គាល់។ បណ្ឌិត មានន័យថាអ្នកប្រព្រឹត្តល្អដោយកាយ វាចា និងចិត្ត។
លក្ខណៈរបស់បណ្ឌិត
បណ្ឌិតចូលចិត្តធ្វើល្អ៣យ៉ាងគឺ៖
១. ចូលចិត្តគិតល្អជាប្រក្រតី៖គិតចង់ជួយសង្រ្គោះឱ្យអភ័យ ចេះត្រិះរិះពិចារណា រកហេតុផលបានយ៉ាងត្រឹមត្រូវមិនសម្តែងអាការៈខឹងក្រោធទាំងកំរោលទេ។
២. ចូលចិត្តនិយាយល្អជាប្រក្រតី៖ចូលចិត្តនិយាយពាក្យពិតមានប្រយោជន៍ ទន់ភ្លន់មានមេត្តាចិត្តនិងត្រឹមត្រូវតាមកាលៈទេសៈ។
៣. ចូលចិត្តធ្វើល្អជាប្រក្រតី៖ មានមេត្តា ករុណា អាណិតអាសូរ ជួយសង្រ្គោះដល់អ្នកដទៃដែលទទួលរងគ្រោះ។
-ពេលយើងសង្កេតឃើញមិត្តភក្តិណាមានអត្តចរិតស្លូតបូតសុភាពរាបសារមទម្យយើងត្រូវព្យាយាមចូលទៅជិតនិយាយរក សេពគប់ជាមួយព្រោះថាពេលយើងសេពគប់ជាមួយមិត្តល្អនោះគេនឹងជួយណែនាំយើងឱ្យធ្វើល្អមានសុជីវធម៌ ខិតខំរៀនសូត្រមិនឱ្យគេចសាលា ឬដើរលេងប៉ោឡែដែលនាំឱ្យខូចអនាគត។
**លក្ខណៈសម្បត្តិរបស់បណ្ឌិត
ការទទួលសញ្ញាបត្របណ្ឌិតអំពីស្ថាប័នសិក្សាណាមួយនៅមិនទាន់មានលក្ខណៈគ្រប់គ្រាន់ជាបណ្ឌិតនៅឡើយទេ។បណ្ឌិតដែលត្រឹមត្រូវត្រូវមានទាំងចំណេះដឹងមានទាំងសីលធម៌តាមលក្ខណៈដូចខាងក្រោម៖
កតញ្ញូ៖ ដឹងនូវឧបការគុណដែលគេធ្វើមកលើខ្លួនហើយធ្វើតបវិញ។
អត្តសុទ្ធិ៖ ប្រព្រឹត្តធ្វើអំពើល្អដោយខ្លួនឯង។
បរសុទ្ធិ៖ ណែនាំអ្នកដទៃឱ្យធ្វើល្អផង។
សង្គ័ហ៖ ជួយសង្រ្គោះដល់អ្នកដទៃ។
ភាសិតបុរាណខ្មែរពោលថា៖ "មានចរិយាឥតវិជ្ជា ដូចបុប្ផាឥតគន្ធា មានវិជ្ជា ឥតចរិយាដូចផ្លែល្វា ល្អតែក្រៅ"។
**វិធីសង្កេតបណ្ឌិត
បណ្ឌិតចូលចិត្តធ្វើអ្វីដែលមានប្រយោជន៍ដល់ខ្លួនឯងផងដល់អ្នកដទៃផង។ យើងអាចសង្កេតមើលលក្ខណៈរបស់បណ្ឌិតដូចខាងក្រោម៖
១. បណ្ឌិតចូលចិត្តដឹកនាំក្នុងផ្លូវត្រូវ៖ មិនឱ្យជក់បារី ផឹកសុរាលេងល្បែង ជក់ថ្នាំញៀនជាដើមតែងណែនាំឱ្យមានសីលធម៌ខំសិក្សារៀនសូត្រជាដើមដើម្បីបានជាពន្លឺសម្រាប់អនាគតរបស់យើង។
២. បណ្ឌិតតែងទទួលខុសត្រូវលើតួនាទីខ្លួនឯងគឺមិនរំខាន ឆាឆៅអ្នកដទៃប្រឹងប្រែងធ្វើកិច្ចការរបស់ខ្លួនរហូតសម្រេច។
៣. បណ្ឌិតចូលចិត្តធ្វើអ្វីដែលទៀងត្រង់ត្រឹមត្រូវតាមច្បាប់។
៤. ពេលគេដាស់តឿនក្រើនរំលឹកព្រមទទួលកំហុសគឺមិនខឹងចំពោះអ្នកទូន្មានហាក់ដូចជាគេប្រាប់កំណប់មាសដ៏មានតម្លៃព្រោះអាចកែកំហុសនោះហើយធ្វើល្អឡើងវិញ។
៥. បណ្ឌិតចូលចិត្តគោរពច្បាប់វិន័យគឺចង់ឱ្យកន្លែងមួយមានសណ្តាប់ធ្នាប់ល្អមានសុជីវធម៌ត្រឹមត្រូវ។
**កត្តានាំឱ្យមានការរីកចម្រើន
ការរីកលូតលាស់ជាតម្រូវការនៃមនុស្សគ្រប់គ្នា។ ការរីកចម្រើននោះចាំបាច់ត្រូវអាស្រ័យហេតុខាងក្រោម៖
១. សប្បុរិសូបសំសេវ៖ សេពគប់សប្បុរសអ្នកចេះដឹងដូចជាសិស្សត្រូវអាស្រ័យលោកគ្រូ អ្នកគ្រូជាអ្នកអប់រំពន្យល់ណែនាំទើបអាចក្លាយជាអ្នកចេះដឹងបាន។
២. សវនំ៖ ស្តាប់ការពន្យល់ណែនាំប្រៀនប្រដៅដោយយកចិត្តទុកដាក់។
៣. យោនិសោមនសិកោរោ៖ ត្រិះរិះពិចារណារកហេតុផលដោយប្រាជ្ញាមិនធ្វេសប្រហែស។
៤. ធម្មានុធម្មប្បដិបត្តិ៖ អនុវត្តប្រតិបត្តិតាមឱ្យបានរឿយៗដូចជា បើមានលំហាត់ត្រូវធ្វើឱ្យបានញឹកញាប់ឱ្យស្ទាត់ជំនាញ។
អ្នកត្រូវព្យាយាមស្វែងរកសេចក្តីចម្រើនដោយខ្លួនឯងផ្ទាល់មិនត្រូវពឹងផ្អែកទៅលើឪពុកម្តាយក្រុមគ្រួសារជួយទាំងស្រុងឡើយមិនត្រូវធ្វើជាមនុស្សអសមត្ថភាព។
**កត្តានាំខ្លួនឱ្យជាបណ្ឌិត
អ្នកណាក៏ចង់ឆ្លាតវាងវៃចង់ក្លាយជាបណ្ឌិតដែរដើម្បីក្លាយជាបណ្ឌិតជាអ្នកចេះដឹងត្រូវបំពេញកត្តាដូចខាងក្រោម៖
១. សុ គឺសុត្ត ប្រែថា ស្តាប់បានដល់ស្តាប់គ្រូពន្យល់មេរៀនដោយយកចិត្តទុកដាក់មិនប្រឡែងគ្នា ឬមាត់ឡូឡាឡើយ។
២. ចិ គឺចិន្តា ប្រែថាគិតពិចារណារកហេតុផលក្នុងមេរៀន។
៣. បុ គឺបុច្ឆា ប្រែថាសួរអ្វីដែលខ្លួនឆ្ងល់មិនទាន់អស់សង្ស័យ។
៤. លិ គឺលិខិត ប្រែថាសរសេរកត់ត្រាទុកនូវអ្វីដែលចេះចាំនោះ។
លក្ខខណ្ឌប្រកបទាំង៤ខាងលើនេះនឹងជម្រុញយើងឱ្យក្លាយទៅជាមនុស្សឆ្លាតវាងវៃហើយអាចសម្រេចការងារគ្រប់បែបយ៉ាង៕
ប្រភព៖សៀវភៅមង្គលជីវិតរៀបរៀងដោយភិក្ខុវជិរប្បញ្ញោគូសុភាព